ភ្នំពេញ, កម្ពុជា – ថ្ងៃទី 23 ខែមករា ឆ្នាំ 2026 – ធនាគារអ៊ូរី (ខេមបូឌា) ម.ក សូមប្រកាសជាផ្លូវការថា ធនាគារបានទទួលបានវិញ្ញាបនបត្រ Payment Card Industry Data Security Standard (PCI DSS) ដោយជោគជ័យ។ វិញ្ញាបនបត្រនេះ មានកម្រិតស្តង់ដារអន្តរជាតិ ដែលទទួលស្គាល់ជាសកលសម្រាប់ការការពារទិន្នន័យអ្នកកាន់ប័ណ្ណ និងធានា សុវត្ថិភាពខ្ពស់បំផុតសម្រាប់ប្រតិបត្តិការប័ណ្ណ និងឌីជីថលទាំងអស់។

PCI DSS គឺជាប្រព័ន្ធក្របខណ្ឌសន្តិសុខអន្តរជាតិ ដែលត្រូវបានកំណត់ដោយក្រុមហ៊ុនទូទាត់ប្រាក់ធំៗលំដាប់សកល រួមទាំង ក្រុមហ៊ុន Visa មានគោលបំណងការពារព័ត៌មានសម្ងាត់នៃប័ណ្ណក្នុងគ្រប់ដំណាក់កាលនៃប្រតិបត្តិការទូទាត់។ ការទទួលបានវិញ្ញាបនបត្រនេះ ត្រូវការការវាយតម្លៃពេញលេញ និងឯករាជ្យដោយអ្នកវាយតម្លៃសន្តិសុខដែលមានភាពសុក្រឹត (Qualified Security Assessors – QSA) ដើម្បីបង្ហាញពីការត្រួតពិនិត្យ និងវិធានការសន្តិសុខដ៏រឹងមាំ លើប្រព័ន្ធ បច្ចេកវិទ្យាព័ត៌មានវិទ្យា ការការពារទិន្នន័យ ការគ្រប់គ្រងភាពងាយរងគ្រោះ និងការដំណើរការប្រតិបត្តិការជាប្រកបដោយសុវត្ថិភាព។
វិញ្ញាបនបត្រនេះ ស្របតាមគោលការណ៍ និងបទប្បញ្ញត្តិ របស់ធនាគារ ជាតិនៃកម្ពុជា និងស្តង់ដារទូទាត់ប្រាក់អន្តរជាតិ។ ទាំងនេះបញ្ជាក់ថា ធនាគារ អ៊ូរី បន្តអនុឡោមតាមបទប្បញ្ញត្តិ ស្តង់ដារអន្តរជាតិ និងគ្រប់គ្រងសន្តិសុខតាមអ៊ីនធឺណិត។

លោក Shin DongWoo អគ្គនាយកប្រតិបត្តិស្តីទី របស់ ធនាគារ អ៊ូរី (ខេមបូឌា) ម.ក បានមានប្រសាសន៍ថា៖
“ការទទួលបានវិញ្ញាបនបត្រ PCI DSS គឺជាភស្តុតាងនៃការប្តេជ្ញាចិត្តដ៏ម៉ុតមាំ របស់យើងក្នុងការការពារទិន្នន័យអតិថិជន និងធ្វើប្រតិបត្តិការទំនើប ដោយគោរពតាមស្តង់ដារសន្តិសុខ និងបទប្បញ្ញត្តិអន្តរជាតិខ្ពស់បំផុត។ ក្នុងនាមជាធនាគារឌីជីថលដែលកំពុងរីកចម្រើន យើងបន្តផ្តល់ដល់អតិថិជននូវវេទិកាដែលមានសុវត្ថិភាព ទុកចិត្តបាន និងមានស្ថិរភាពសម្រាប់ប្រតិបត្តិការប័ណ្ណ និងប្រតិបត្តិការបណ្តាញទាំងអស់។”


សមិទ្ធផលដ៏សំខាន់នេះ បានដាក់ឱ្យ ធនាគារ អ៊ូរី ឈរនៅក្នុងចំណោមធនាគារជួរមុខនៃស្ថាប័នហិរញ្ញវត្ថុដែលកំពុងលើកកម្ពស់សមត្ថភាពសន្តិសុខសាយប័រ (cybersecurity) និងទំនុកចិត្តឌីជីថលនៅកម្ពុជា។ ដំណើរការទទួលបានវិញ្ញាបនបត្រ បានរួមបញ្ចូលការត្រួតពិនិត្យយ៉ាងតឹងរឹងលើគោលនយោបាយគ្រប់គ្រង ប្រព័ន្ធបច្ចេកវិទ្យា និងវិធានការប្រតិបត្តិ ដើម្បីធានាថាធនាគារ បានអនុវត្តតាមស្តង់ដារសុវត្ថិភាពអន្តរជាតិ និងបទប្បញ្ញត្តិត្រឹមត្រូវ។
វិញ្ញាបនបត្រនេះ ក៏បានបន្ថែមភាពរឹងមាំដល់ប្រព័ន្ធអេកូឌីជីថលរបស់ធនាគារ ដោយធានាថា៖
- ការការពារទិន្នន័យម្ចាស់ប័ណ្ណយ៉ាងមានប្រសិទ្ធភាព តាមរយៈការគ្រប់គ្រងសន្តិសុខដែលទទួលស្គាល់ជាសកល។
- ការត្រួតពិនិត្យបន្តបន្ទាប់ ការគ្រប់គ្រងភាពងាយរងគ្រោះ និងការកាត់បន្ថយហានិភ័យ ដើម្បីទប់ស្កាត់គ្រោះថ្នាក់សន្តិសុខតាមអ៊ីនធឺណែត។
- បរិយាកាសធនាគារឌីជីថល ដែលមានសុវត្ថិភាព និងមានស្ថិរភាពខ្ពស់ ក្នុងការប្រើប្រាស់ប័ណ្ណ និងឆានែលអនឡាញទាំងអស់។
- ការបង្កើនទំនុកចិត្តពីអតិថិជន អាជីវករ ដៃគូអាជីវកម្ម និងនិយ័តករ ។
លោក អ៊ាត ចិត្រាសូរិវង្ស ប្រធាននាយកដ្ឋានព័ត៌មាន (CIO) បានបន្ថែមថា៖
“សុវត្ថិភាពគឺជាស្នូលនៃដំណើរបំលែងឌីជីថលរបស់យើង។ វិញ្ញាបនបត្រ PCI DSS បង្ហាញពីការប្តេជ្ញាចិត្តរបស់យើងក្នុងការផ្តល់សេវាហិរញ្ញវត្ថុដែលមានសុវត្ថិភាព ទំនើប និងផ្ដោតលើអតិថិជន។ វាក៏ជួយបង្កើនគ្រឹះសន្តិសុខរបស់យើង ខណៈពេលយើងកំពុងជំរុញការធ្វើទំនើបកម្មប្រព័ន្ធធនាគារ ការប្រើប្រាស់ Cloud និងបញ្ញាសិប្បនិម្មិត(AI)។”
ធនាគារ អ៊ូរី នឹងបន្តពង្រឹងសមត្ថភាពសន្តិសុខសាយប័រ និងវិនិយោគក្នុងបច្ចេកវិទ្យាកម្រិតខ្ពស់ ដើម្បីគាំទ្រប្រតិបត្តិការទូទាត់ឌីជីថលដែលមានសុវត្ថិភាព និងការច្នៃប្រឌិតផ្នែកហិរញ្ញវត្ថុ។
អំពីធនាគារ អ៊ូរី (ខេមបូឌា) ម.ក
ធនាគារ អ៊ូរី (ខេមបូឌា) ម.ក មានសមិទ្ធិផលសំខាន់ៗជាច្រើននៅក្នុងប្រទេសកម្ពុជាក្នុងរយៈពេល ៣០ ឆ្នាំ។ ជាមួយនឹងការចាប់ផ្តើមកម្មវិធីផ្តល់មូលនិធិនៅឆ្នាំ ១៩៩០ និងទទួលបានអាជ្ញាបណ្ណជាផ្លូវការដើម្បីធ្វើប្រតិបត្តិការជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅឆ្នាំ ២០០៤។ បន្ទាប់មក ទទួលបានអាជ្ញាបណ្ណនៅឆ្នាំ ២០១១ ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ ក៏ដូចជាការរួមបញ្ចូលគ្នាជាមួយ អ៊ូរី ហ្វាយនែន ខេមបូឌា ភីអិលស៊ី នៅឆ្នាំ ២០២០ ដើម្បីពង្រីកបណ្តាញ។ លើសពីនេះ ធនាគារជាតិនៃកម្ពុជាបានអនុម័តអាជ្ញាបណ្ណជាធនាគារពាណិជ្ជនៅខែវិច្ឆិកា ឆ្នាំ ២០២១ និងបានក្លាយជាធនគារពាណិជ្ជជាផ្លូវការក្នុងខែមករា ឆ្នាំ ២០២២ ដើម្បីផ្តល់ទីផ្សារជាមួយនឹងផលិតផល និងសេវាកម្មរបស់ធនាគារពាណិជ្ជពេញលេញ។
គិតត្រឹមខែវិច្ឆិកា ឆ្នាំ 2025 ធនាគារ អ៊ូរី (ខេមបូឌា) ម.ក មានសាខាចំនួន 140 នៅទូទាំងប្រទេស មានបុគ្គលិកជាង 3,500 នាក់ និងបម្រើអតិថិជនជាង 545 ពាន់នាក់ ជាមួយនឹងទ្រព្យសកម្មសរុប 1.4 ពាន់លានដុល្លារអាមេរិក ផលប័ត្រប្រាក់កម្ចីចំនួនជិត 1ពាន់លានដុល្លារ និងសមតុល្យសន្សំប្រាក់បញ្ញើរហូតដល់ 743លានដុល្លារ។
“ធនាគារ អ៊ូរី ជម្រើសហិរញ្ញវត្ថុដ៏ឆ្លាតវៃរបស់អ្នក!

